ការដំណើរការអាជីវកម្មដោយខ្លួនឯងមិនប្រាកដថាដើម្បីស្វែងរកប្រាក់ចំណូលតែមួយមុខនោះទេ
ប៉ុន្តែវាក៏ជាមាគ៌ាសម្រាប់សម្រេចក្ដីស្រមៃ
និងតម្រូវការផ្ទាល់ខ្លួនផងដែរ ដូចសុភាសិតមួយដែលបានលើកឡើងថា
“ក្ដីស្រមៃដ៏មានឥទ្ធិពល បង្កើតបានជាសកម្មភាពដ៏មានឥទ្ធិពល”។
ទោះបីជាយ៉ាងនេះក្ដី
ការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងមិនមែនជារឿងមួយដ៏ងាយស្រួលនោះទេ
ប៉ុន្តែវាជាប្រវត្តិ
នៃភាពជោគជ័យរបស់សហគ្រិនជាច្រើនដែលអ្នកគួរចងចាំទុកជាបទពិសោធន៍។
លោកអ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការបង្កើតអាជីវកម្ម
ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់។
ប្រសិនបើលោកអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងកិច្ចប្រឹងប្រែងក្នុងការងារ
រៀនពីបទពិសោធន៍ នៃភាពបរាជ័យរបស់អ្នក អ្នកនឹងទទួលបានលទ្ធផលជាភាពជោគជ័យ
នៃអាជីវកម្មជាទីមោទនៈ ដែលអាចហៅបានថាជា «អាជីវកម្មរបស់អ្នក»
យ៉ាងពិតប្រាកដ ព្រោះថា “ផ្កាយនឹងមិនអាចបញ្ចេញពន្លឺ
ដោយគ្មានភាពងងឹតបាននោះទេ”។
១. បន្តធ្វើការងារដែលកំពុងតែធ្វើ
ការរក្សាសមតុល្យធនធានរបស់អ្នកនឹងជួយសង្គ្រោះលោកអ្នកឲ្យចៀសផុតពីការព្រួយបារម្ភពីបញ្ហាផ្នែកហិរញ្ញវត្ថុ។
ក្នុងន័យនេះ អ្នកប្រាកដជានឿយហត់ជាងមុន ព្រោះថាអ្នកមានភារៈកិច្ចពីរក្នុងពេលតែមួយ។
នៅពេលដែលអាជីវកម្មរបស់អ្នកកាន់តែមមាញឹក
លោកអ្នកអាចផ្លាស់ប្ដូរទៅធ្វើការងារក្រៅម៉ោងវិញនៅកន្លែងការងារដដែលរបស់អ្នក។
ដូច្នេះអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងកិច្ចដំណើរការអាជីវកម្មរបស់អ្នក។
ក្នុងធាតុពិត ដំណើរការនេះនឹងមិនអាចដំណើរការបានល្អឥតខ្ចោះនោះទេ
ប៉ុន្តែវាមានស្ថេរភាពជាងការដែលលោកអ្នកបោះបង់អ្វីចោលទាំងអស់
រួចទៅឈោងចាប់ក្ដីស្រមៃមួយដែលមិនទាន់មានស្ថេរភាពទៅវិញ
ដែលអាចជាយុទ្ធសាស្ត្រមួយដ៏ប្រថុយប្រថាន ដូចសុភាសិតខ្មែរបានចែងទុកថា
“ត្រីរ៉ស់ក៏បង់ ទន្សាយក៏បាត់”។
·
ជំហានទី១
នេះរឹតតែសំខាន់ប្រសិនបើអ្នកជាបង្គោល ឬ ជាមេគ្រួសារ។
សូមកុំយកជោគវាសនារបស់គ្រួសារអ្នកមកភ្នាល់ក្នុងល្បែងអាជីវកម្មឲ្យសោះ។
វាប្រៀបដូចជាការផ្ដល់សម្ពាធ ឬ អម្រែកឲ្យខ្លួនឯងទៅវិញទេ។
·
ប្រសិនបើអ្នកគ្រោងនឹងបង្កើតអាជីវកម្មក្នុងរយៈពេលដ៏ខ្លីខាងមុខ
សូមចៀសវាងការចុះកិច្ចសន្យាការងាររយស់ពេលវែង និងមានល័ក្ខខ័ណ្ឌតឹងរឹង
នៅកន្លែងការងារថ្មីឲ្យសោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរការងារថ្មី
ដែលមានប្រាក់បៀរវត្ស៍ខ្ពស់ អ្នកគួរតែពិគ្រោះយោបល់ជាមួយមេធាវី ឬ
ស្នើឲ្យមេធាវីជួយត្រួតពិនិត្តអំពីអត្ថន័យ
នៃកិច្ចសន្យាការងារនោះជាមុនសិន។
២. រៀបចំគម្រោងអាជីវកម្ម
តើអ្នកនឹងរកចំណូលដោយវិធីណា?
ប្រសិនបើអ្នកមិនអាចឆ្លើយនឹងសំណួរនេះបាន អ្នកមិនគួរបង្កើតអាជីវកម្មនោះទេ។
ដោយហេតុថា គោលបំណង នៃការបង្កើតអាជីវកម្មគឺជាការកសាងប្រភពប្រាក់ចំណូល
លោកអ្នកត្រូវតែមានផែនការលម្អិតឲ្យបានម៉ត់ចត់។
ផែនការអាជីវកម្មរបស់អ្នក អាចជាចម្លើយ នៃសំណួរទាំង ៥ ខាងក្រោម៖
·
តើអ្នកត្រូវចំណាយដើមទន់ប៉ុន្មានក្នុងការផ្គត់ផ្គង់ផលិតផល
ឬ សេវាកម្មជូនអតិថិជន?
·
តើអ្នកនឹងកំណត់តម្លៃលក់ចេញ
នៃផលិតផល ឬ សេវាកម្មរបស់អ្នកប៉ុន្មាន?
·
តើអ្នកនឹងបង្កើនអត្រាជួញដូរដោយវិធីណា?
·
តើអ្នកនឹងប្រកួតនឹងគូប្រជែងរបស់អ្នកដោយវិធីណា?
·
តើបុគ្គលិកមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេច
ដែលអ្នកនឹងទទួលឲ្យបម្រើការងារ?
តើអ្នកអាចធ្វើការដោយគ្មានពួកគេបានដែរឬទេ?
៣. ធ្វើបទវិភាគអំពីគូប្រជែង
តើនរណាខ្លះជាគូប្រជែងរបស់អ្នក? តើគេលក់ផលិតផល
ឬ សេវាកម្មដូចគ្នានេះក្នុងតម្លៃប៉ុន្មាន? តើអ្នកអាចផ្គត់ផ្គងផលិតផល ឬ
សេវាកម្មរបស់អ្នកក្នុងគុណភាពខ្ពស់ ហើយមានតម្លៃទាបជាងគេដែរឬទេ?
បើដូច្នេះមែន សូមអបអរសាទរ! អ្នកអត្រាជោគជ័យ 50% ទៅហើយ!
ចូរសិក្សាអំពីទីផ្សារដែលអ្នកកំពុងនឹងព្យាយាមវាយលុក
និងអាជីវកម្មដែលជោគជ័យនៅក្នុងទីផ្សារនោះផងដែរ។
មិនមែនគ្រប់សហគ្រាសទាំងអស់សុទ្ធតែងាយស្រួលក្នុងការផ្ដួលរំលំនោះទេ។
ភ្នាក់ងារស្រាវជ្រាវផ្នែកអាជីវកម្ម IBISWorld បានផ្ដល់អនុសាសន៍ថា
អាជីវកម្មខ្នាតតូចដែលចំណាយដើមទន់តិច
និងផ្ដល់ប្រាក់ចំណូលខ្ពស់មានដូចជា៖ ផ្នែកធនធានមនុស្ស និងរដ្ឋបាល
ផ្នែកការដ្ឋានផ្លូវថ្នល់ គេហទំព័រលក់ដូរតាមអ៊ីនធើណេត ផ្សារទំនើប
រោងចក្របិទស្រា និងគេហទំព័រជាដើម។
៤. ស្រាវជ្រាវ និងសាកល្បងផែនការ
ការត្រៀមលក្ខណៈ
និងរៀបចំផែនការជាកត្តាចម្បងមុននឹងដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្ម។
ប្រសិនបើអាច
លោកអ្នកគួរស្វែងរកឱកាសក្នុងការសាកល្បងអំពីផែនការរបស់អ្នក។
ឧទាហរណ៍៖
ប្រសិនបើអ្នកគ្រោងនឹងបើកភោជនីយដ្ឋាន
លោកអ្នកគួរតែសាកល្បងចំអិនអាហារឲ្យសាលា ឬ មន្ទីរមនុស្សធម៌ជាមុនសិន
ដើម្បីអាចឲ្យដឹងថា
លោកអ្នកអាចស៊ាំនឹងបរិយាកាសការងារដ៏មមាញឹកនៅក្នុងផ្ទះបាយបានដែរឬទេ?
តើរសជាតិអាចទទួលយកបានដែរឬទេ? អ្នកក៏អាចធ្វើការស្ទង់មតិបានផងដែរដើម្បីស្វែងយល់អំពីតម្រូវការរបស់ពួកគេ។
ផែនការអាជីវកម្មគ្រាន់តែជាក្រដាសមួយដុំតូច។
ប្រសិនបើលទ្ធផល នៃការស្រាវជ្រាវ
និងសាកល្បងរបស់អ្នកមានភាពខុសគ្នានឹងផែនការអាជីវកម្មរបបស់អ្នក
សូមកុំព្រួយបារម្ភក្នុងការផ្លាស់ប្ដូរផែនការអាជីវកម្ម។
ការអនុវត្តអាចនឹងមានលក្ខណៈខុសគ្នាពីផែនការ
ប៉ុន្តែវាប្រសើរជាងការដែលប្រថុយប្រថាន និងប្រឈមមុខនឹងភាពបរាជ័យ
ដោយសារតែគំនិតចាស់គំរិល។
៥. ស្វែងរកឱកាសក្នុងការបណ្ដុះបណ្ដាលជំនាញ
ប្រសិនបើអ្នកមានគំនិតក្នុងការបង្កើតអាជីវកម្ម
ប៉ុន្តែគ្មានជំនាញទាក់ទិននឹងអាជីវកម្មទាំងនោះ
អ្នកគួរតែចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។
អ្នកក៏អាចស្វែងរកឱកាសក្នុងការសិក្សាដោយអនុវត្តផ្ទាល់ពីក្រុមគ្រួសារ
មិត្តភក្ដិ និងអ្នកជំនាញបានផងដែរ។
៦. ប្រើសម្ភារៈដែលមានស្រាប់
នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មថ្មីពីបាតដៃទទេ
អ្នកគួរតែប្រើប្រាស់ធនធានដែលអ្នកមានរួចមកហើយ
ជាជាងការខ្ជះខ្ជាយទិញសម្ភារៈថ្មី។
ឧទាហរណ៍៖
ប្រើប្រាស់រថយន្តដែលអ្នកកំពុងជិះរាល់ថ្ងៃទៅជារថយន្តរបស់ក្រុមហ៊ុន។
ផ្លាស់ប្ដូរចំណតទៅជាហាង។ ជាក់ស្ដែង ក្រុមហ៊ុនល្បីឈ្មោះមួយចំនួន
រួមទាំងក្រុមហ៊ុន Apple និង Facebook មានទីតាំងនៅទីធ្លាតូចតាចដូចជា៖
ចំណតយានយន្ត បន្ទប់ក្រោមដី និងសយនដ្ឋាន ជាដើម។ ដូច្នេះ
សូមកុំភ្លេចប្រើប្រាស់ធនធានដែលអ្នកមានស្រាប់ឲ្យសោះ!
ប្រសិនបើអ្នកមានផ្ទះ អ្នកគួរប្រើប្រាស់វាជាទីតាំងប្រកបអាជីវកម្ម
ជាជាងការជួលការិយាល័យ។ ក្នុងករណីនេះ
អ្នកអាចយកប្រាក់ដែលសន្សំសំចៃបានពីថ្លៃឈ្នួលការិយាល័យទៅចំណាយលើអ្វីផ្សេងៗ។
៧. កាត់បន្ថយធនធានមនុស្សដែលមិនចាំបាច់
អ្្នកត្រូវចំណាយដើមទន់ជាច្រើនទៅលើប្រាក់បៀរវត្ស៍របស់បុគ្គលិក
ជាពិសេសគឺអ្នកជំនាញ។ ដើម្បីកាត់បន្ថយប្រាក់ចំណាយ ចូររក្សាបុគ្គលិកឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន។
ស្ថាប័នរដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិច (The U.S. Small Business
Administration: SBA) បានផ្ដល់ជាអនុសាសន៍ថា អ្នកមិនគួរចំណាយលើសពី 50%
នៃប្រាក់ចំណេញរបស់អ្នកទៅលើប្រាក់បៀរវត្ស៍របស់បុគ្គលិកឡើយ។ ប្រសិនបើអ្នកអាចដំណើរការការងារទាំងអស់ក្នុងអាជីវកម្មរបស់អ្នកបាន
ចូរធ្វើកិច្ចការនោះដោយខ្លួនឯង។ ទោះបីជាយ៉ាងនេះក្ដី
អ្នកគួរតែមានបុគ្គលិកមួយចំនួនតូចដើម្បីធ្វើការងារដែលចាំបាច់ប្រកបដោយសុវត្ថិភាព
និងវិជ្ជាជីវៈ។ ស្របគ្នានឹងដំណើរការលូតលាស់ នៃអាជីវកម្ម
អ្នកនឹងត្រូវជ្រើសរើសបុគ្គលិកបន្ថែម។ សូមចងចាំថា បច្ចុប្បន្ន
អ្នកតម្រូវឲ្យបង់ប្រាក់ធានារ៉ាប់រ៉ងផ្នែកសុខភាពបន្ថែមពីលើប្រាក់ខែគោលរបស់បុគ្គលិក។
ប្រសិនបើប្រិយមិត្តមានគម្រោងក្នុងការប្រកបអាជីវកម្មពីបាតដៃទទេ
សូមកុំមើលរំលងចំណុចទាំង ៧ ខាងលើនេះឲ្យសោះ។ AEC Press
សូមជូនពរឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។
សម្រាប់អត្ថបទទាក់ទិននឹងអាជីព និងការងារ សូមតាមដានអាននៅថ្ងៃ ច័ន្ទ
ជារៀងរាល់សប្តាហ៍៕
ដកស្រង់ចេញពី៖ wikiHow | ប្រែសម្រួលដោយ៖ Pity
ប្រភពៈ Khmeraec
No comments:
Post a Comment